ក្រុមបាល់ទាត់កម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បានខកចិត្តក្រោមថ្វីជើងរបស់ក្រុមយុវជនទីម័រខាងកើតដោយលទ្ធផល ២-៣ សម្រាប់ការប្រកួតបើកឆាក វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅប្រទេសឥណ្ឌូណេស៊ី។”អានពត៌មានកីឡាប្រចាំថ្ងៃ
ការប្រកួតវគ្គទី១ ក្រុមយុវជនកម្ពុជាគ្រប់គ្រងបាល់បានច្រើន ប៉ុន្តែតំបន់ការពារ និងតំបន់ប្រយុទ្ធពិតជាធ្វើមិនបានល្អឡើយ។ ជាពិសេសចន្លោះនាទី៣៤ ដល់នាទី៣៩ ទីម័រខាងកើត អាចរកគ្រាប់បាល់បាន៣គ្រាប់ដែលបណ្តាលមកពីតំបន់ការពាររបស់កម្ពុជាលេងសហការគ្នាមិនបានល្អតែម្តង។
ចំណែកនៅតំបន់ប្រយុទ្ធវិញ ភាគច្រើនមិនសូវមានបញ្ជូនឲ្យគ្នាទេដោយកីឡាករនៅតំបន់ជួរមុខព្យាយាមអូសបាល់ចូលតំបន់គ្រោះថ្នាក់ដោយខ្លួនឯង។ យ៉ាងណា ខ្សែបម្រើកណ្តាលមានទម្រង់លេងបានល្អ ជាពិសេសខ្សែបម្រើកូនកាត់ខ្មែរ-នូវេសេឡង់ ថុង លឹមលូកា។
នៅវគ្គទី២ កម្ពុជាអាចប្រមូលចិត្តសាស្ត្របានល្អដោយអាចរកបាន២គ្រាប់នៅនាទី៥៥ និងនាទី៦០ ដែលលទ្ធផលតាមពីក្រោយ ២-៣ នេះរក្សារហូតចប់ការប្រកួត។ បរាជ័យនេះបានធ្វើឲ្យកម្ពុជាមានសង្ឃឹមតិចតូចប៉ុណ្ណោះសម្រាប់ការឡើងទៅវគ្គបន្ត ពីព្រោះត្រូវជួបក្រុមខ្លាំងម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងចុងក្រោយជួបហ្វីលីពីន។
ហ្វីលីពីនថ្វីបើជាក្រុមដែលមានយុវជនកម្រិតទាបកន្លងមក ប៉ុន្តែសម្រាប់ការប្រកួតឆ្នាំ២០២៤នេះ ពួកគេបានជ្រើសរើសយកយុវជនមកពីក្រៅប្រទេសរហូតដល់១៤នាក់គឺ៥នាក់មកសហរដ្ឋអាមេរិក ៣នាក់មកពីប្រទេសអេស្ប៉ាញ ២នាក់មកពីប្រទេសកាណាដា ២នាក់មកពីអូស្ត្រាលី ១នាក់មកពីតួកគី និង១នាក់មកពីអាល្លឺម៉ង់៕
No comments:
Post a Comment