ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៦ឆ្នាំ ត្រូវប្រកួតជាមួយក្រុមយុវជនខ្លាំង វៀតណាម វេលាម៉ោង៧:៣០នាទីយប់នេះ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់យុវជនអាស៊ានអាយុ១៦ឆ្នាំ (ASEAN U16 Boys’ Championship) ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។”អានពត៌មានកីឡាប្រចាំថ្ងៃ
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល B លើកទី១ ក្រុមយុវជនទាំងពីរទទួលបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះដៃគូរៀងៗខ្លួន។ ក្រុមយុវជនកម្ពុជាបានឈ្នះក្រុមយុវជនមីយ៉ាន់ម៉ា ដោយលទ្ធផល២-១។ ២គ្រាប់របស់កម្ពុជារកបានដោយខ្សែប្រយុទ្ធ ដាច់ ដារ៉ូ ដែលជាកីឡាករប្តូរចូលធ្វើឲ្យការប្រកួតប្រែប្រួល បន្ទាប់ពីមីយ៉ាន់ម៉ារកបានគ្រាប់បាល់មុន។
ចំណែកក្រុមយុវជន វៀតណាម បានលត់ក្រុមយុវជន ព្រុយណេ យ៉ាងចាស់ដៃក្នុងលទ្ធផល ១៥-០។ ដូច្នេះវៀតណាម ឈរលើកំពូលតារាង ខណៈកម្ពុជាស្ថិតនៅលេខ២ក្នុងពូល។ ការជួបគ្នាថ្ងៃនេះគឺជាការប្រជែងគ្នាយកលេខ១ក្នុងពូល B ពីព្រោះការប្រកួតចុងក្រោយ កម្ពុជាជួប ព្រុយណេ ទំនងជាមិនពិបាកខ្លាំងទេ។
ពានរង្វាន់យុវជនអាស៊ាន ASEAN U16 Boys’ Championship ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២។ ក្រុមយុវជនកម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅឆ្នាំ២០១៦ ដែលពេលនោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមកម្ពុជាបានឈ្នះ៣ប្រកួត និងចាញ់១ប្រកួត បានបង្កើតកំណត់ត្រាជាលើកដំបូងក្នុងការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងពានរង្វាន់នេះ ក្រុមយុវជនកម្ពុជា និងវៀតណាម ធ្លាប់ជួបគ្នា៦ដង ប៉ុន្តែកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះវៀតណាមឡើយពោលគឺស្មើ១ប្រកួត និងចាញ់៥ប្រកួត។
- ស្មើ វៀតណាម ២-២ (ឆ្នាំ២០០៥) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ១-៤ (ឆ្នាំ២០១១) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-៦ (ឆ្នាំ២០១៣) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៦) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ចាញ់ វៀតណាម ១-២ (ឆ្នាំ២០១៧) វគ្គសន្សំពិន្ទុក្នុងពូល
- ចាញ់ វៀតណាម ០-១ (ឆ្នាំ២០១៨) វគ្គសន្សំពិន្ទុក្នុងពូល
No comments:
Post a Comment