បើយោងតាមការឱ្យដឹងពីលោក ជួប វុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍ថោន ថ្លែងប្រាប់ S.B.M News នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ ថាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់អំបោះឆៅ នៅថ្ងៃសុក្រទី១៤សប្តាហ៍ក្រោយ មានដល់ទៅ២គូ និងសុទ្ធតែជាជើងខ្លាំងប្រចាំប្រទេស ខណៈធឿន ធារ៉ា គឺជាគូឯកប្រចាំព្រឹត្តិការណ៍ដ៏ធំមួយនេះ…។”អានពត៌មានកីឡាប្រចាំថ្ងៃ
បន្ទាប់ពីលោក គឺម ស្រ៊ុនកុសល ហៅ ថមមីគីម ប្រធាន MasFight Cambodia, តំណាងស្ថាប័នIPCCប្រចាំប្រទេសកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់ស្ថានីយទូរទស្សន៍ថោន បង្ហោះសារភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលគេអាចស្គាល់យ៉ាងច្បាស់ថា ជាអ្នកលេងពូថៅដៃ ធឿន ធារ៉ា លើបណ្តាញសង្គម។
អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅជជែកដេញដោលពីការប្រកួតនាពេលខាងមុខនោះថា នឹងកាន់តែកក្រើកខ្លាំងមិនខាន ព្រោះចាប់តាំងពីផ្តួលកីឡាករថៃ សៃយុគ ភុមផាន់មួង នៅសង្វៀនថៃហ្វៃត៍មក កីឡាករ ធឿន ធារ៉ា ពុំដែលប្រកួតលក្ខណៈអំបោះឆៅទៀតឡើយ ខណៈខ្សែក្រវាត់គុនខ្មែរអំបោះឆៅនេះ ក៏ទើបនឹងបង្កើតជាលើកទីមួយនៅក្នុងវិស័យប្រដាល់គុនខ្មែរផងដែរ។
លោកថមមីគីម បញ្ជាក់យ៉ាងដូច្នេះថា៖«យោងតាមមតិអ្នកគាំទ្រចង់ឱ្យថោនលេងអំបោះឆៅ ឥឡូវថោននឹងជូនតាមសំណូមពរ ដោយលេងឈុតធំ ឱ្យកក្រេីកតែម្ដង ដោយការដាក់ឱ្យប្រកួតដណ្តេីមខ្សែក្រវាត់អំបោះឆៅ លើកដំបូងបង្អស់របស់ស្ថានីយទូរទស្សន៍ថោន ជួបគ្នាថ្ងៃទី១៤ ខែមិថុនា នៅទីលានកោះពេជ្រ….មិនជួបគ្នា–មិនបែក!»។
ចំណែក លោក ជួប វុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ស្ថានីយទូរទស្សន៍ថោន ក៏បានបង្ហើបឱ្យដឹងផងដែរថា កីឡាករជួរមុខកម្ពុជា២នាក់់ នឹងត្រូវឡើងប្រកួតគុនខ្មែរអំបោះឆៅ ដណ្តើមខ្សែក្រវាត់ជាមួយកីឡាករបរទេស ក្នុងនោះ ស្ថានីយទូរទស្សន៍ថោនរៀបចំឱ្យមាន២ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់៦៥គីឡូក្រាមមួយខ្សែក្រវាត់ និងប្រភេទទម្ងន់៧២គីឡូក្រាមមួយខ្សែក្រវាត់។ បន្ថែមលើនេះ នៅមានកីឡាករគុនខ្មែរ និងបរទេសជាគូអមខ្សែក្រវាត់មួយចំនួនទៀតផងដែរ។
ទោះយ៉ាងណា លោក ជួប វុត្ថា មិនបានទម្លាយអត្តសញ្ញាណកីឡាករគុនខ្មែរ និងបរទេសនៅពេលនវឡើយ ដោយលោកគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ និងភាគីក្រុមហ៊ុនឧបត្ថម្ភ ប៉ុន្តែតាមរយៈរូបភាពគំនូរឌីជីថលដែលបានបង្ហោះដោយលោកថមមីគីម គឺច្បាស់ណាស់ថា កីឡាករ ធឿន ធារ៉ា ជាបេក្ខភាពដណ្តើមខ្សែក្រវាត់IPCCគុនខ្មែរអំបោះឆៅលើកនេះ ខណៈកីឡាករទម្ងន់៦៥គីឡូក្រាមម្នាក់ស្ថិតក្នុងមន្ទិលនៅឡើយ។
បើនិយាយពីការប្រកួតទម្រង់អំបោះឆៅនេះ គឺមិនពិបាកឡើយសម្រាប់កីឡាករ ធឿន ធារ៉ា ដែលធ្លាប់មានបទពិសោធជោគជាំលើសង្វៀនប្រដាល់អន្តរជាតិនៅប្រទេសថៃរហូតដណ្តើមបានខ្សែក្រវាត់ថៃហ្វៃត៍ មួយខ្សែថែមទៀតផង ដូច្នេះ អ្នកគាំទ្រសង្ឃឹមយ៉ាងមុតមាំថា ការប្រកួតថ្ងៃ១៤មិថុនាខាងមុខនេះ ខ្សែក្រវាត់IPCCគុនខ្មែរអំបោះឆៅ នឹងបានមកលើដៃកីឡាករ ធឿន ធារ៉ា ជាក់ជាមិនខានឡើយ…៕
No comments:
Post a Comment