គុនខ្មែរ៖ ការប្រកួតសងសឹកលើកទី២ រវាងកីឡាករ ធន់ វណ្ណា និងក្របីព្រៃពេជ្រ សម្បត្តិ មិនទាន់កើតឡើងផង សង្គ្រាមពាក្យសម្តីរបស់អ្នកគាំទ្រកីឡាករទាំងសងខាងផ្ទុះឡើងពេញបណ្តាញសង្គមយ៉ាង ផុលផុស ដោយម្នាក់ៗបានបាញ់ផ្លោងពាក្យសម្តីឌឺដងដាក់គ្នាទៅវិញទៅមក ជុំវិញការទាមទារប្រើ ហ្កង់MMA ឬអំបោះឆៅ ពីសំណាក់លោកគ្រូពេជ្រ សុផាន់ ដែលភាគីអ្នកគាំទ្រកីឡាករ ធន់ វណ្ណា ថាជាការកេងចំណេញ។”អានពត៌មានកីឡាប្រចាំថ្ងៃ
ការជជែកដេញដោលពេញបណ្តាញសង្គមហ្វេសប៊ុក និងតេឡេក្រាម បានផ្ទុះឡើងខ្លាំងនៅរយៈពេល ២ថ្ងៃចុងក្រោយនេះ បន្ទាប់ពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក បញ្ចេញផុស្ទ័របង្ហាញមុខកីឡាករទាំងពីរក្នុងជំនួបសងសឹក និងដណ្តើមប្រាក់រង្វាន់១២លានរៀល នៃព្រឹត្តិការណ៍ប្រដាល់ The Battle Of Kings នាថ្ងៃអាទិត្យទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
មែនទែនទៅ ការឡើងកម្តៅនៃសង្គ្រាមពាក្យសម្តីរបស់អ្នកគាំទ្រកីឡាករ ធន់ វណ្ណា គឺផ្តើមចេញពីការលើកឡើងរបស់លោកគ្រូពេជ្រ សុផាន់ ដែលទាមទារឱ្យមានការប្រកួតប្រើហ្កង់ MMA ឬក៏អំបោះឆៅ ដើម្បីឱ្យជំនួបសងសឹកលើកទី២នេះ ឈ្នះចាញ់គ្នាដាច់ស្រេច ពោលគឺកុំឱ្យអ្នកចាញ់មិនអស់ចិត្ត ហើយឡាំប៉ាដូចកាលពីប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូង។
យ៉ាងណា អ្នកគាំទ្រខាងភាគីកីឡាករ ធន់ វណ្ណា ថាការទាមទាររបស់លោកគ្រូពេជ្រ សុផាន់ គឺជាការយកប្រៀប និងកេងចំណេញ ព្រោះមើលឃើញពីភាពខ្លាំងរបស់សិស្សខ្លួនដែលពូកែតែខាងប្រើកណ្តាប់ដៃម៉ាត់តែមួយមុខប៉ុណ្ណោះ ទើបគ្រូបង្វឹករូបនេះ ព្រួយបារម្ភលើជំនួបសងសឹកលើកទី២ ថាអាចនឹងពិបាកសម្រាប់សិស្សខ្លួនយកជ័យជម្នះ ដ្បិតលោកគ្រូ ធន់ សុភា រៀបក្បួនប្រយុទ្ធថ្មីឱ្យកូនសិស្សហ្វឹកហាត់ ដោយមានទាំងការម៉ាត់ខ្លី ទាត់ និងឡាំជង្គង់នៅពេលដែលកីឡាករ ពេជ្រ សម្បត្តិ សម្រុកចូលកៀក។
No comments:
Post a Comment