Wednesday, 24 April 2024

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ប្ដេជ្ញាជ្រោមជ្រែងកម្ពុជាធ្វើជាម្ចាស់ផ្ទះ «កីឡាយុវជនអូឡាំពិកអាស៊ី» នាឆ្នាំ២០២៩

 

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ប្ដេជ្ញាបន្តចូលរួមចំណែកក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ី នាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួតនៅកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា។អានព័ត៌មានកីឡាថ្មីៗ

នេះបើតាមការបញ្ជាក់របស់លោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោក តាង ហ្គោដុន បានគូសរំលេចអំពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិនជាដើម…។

ជាមួយគ្នានេះ លោក តាង ហ្គោដុន ក៏បានលើកឡើងអំពីកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។ ព្រឹត្តិការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។

យ៉ាងណាមិញ សម្តេចធិបតី បានគូសបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជននឹងត្រៀមខ្លួនក្នុងការសម្របសម្រួល និងសហការក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះ ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ សម្ដេចធិបតីបានអះអាងថា៖«រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ហើយដោយផ្អែកលើបទពិសោធដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ»។

មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យលោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជា នៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែងក្នុងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ។

ព្រមជាមួយគ្នានោះ សម្ដេចធិបតីក៏បានគាំទ្រនិងលើកទឹកចិត្តឱ្យមានការរៀបចំនូវព្រឹត្តិការណ៍កីឡា អន្តរជាតិសំខាន់ៗនៅកម្ពុជាបន្តបន្ទាប់ ដោយសម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

គួរបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗមិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា៕

No comments:

ជំហានភ្នាល់ប្រដាល់ និងការចាប់ផ្តើមភ្នាល់កីឡាប្រដាល់តាមអនឡាញ

  ជំហានភ្នាល់ប្រដាល់ ការភ្នាល់កីឡាប្រដាល់តាមអនឡាញគឺជាទម្រង់ភ្នាល់កីឡាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកលេងអាចភ្នាល់បាន គ្រប់ពេលវេលា...