ក្លឹបហង្សក្រហម Liverpool បានគ្រងជើងឯកពានរង្វាន់លំដាប់ទីបីរបស់ប្រទេសអង់គ្លេស EFL Cup (Carabao Cup) និងជាលើក១០ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន បន្ទាប់ពីយកឈ្នះលើក្រុមតោខៀវ Chelsea នៅឯកីទ្បដ្ឋាន Wembley Stadium ក្នុងលទ្ធផល ១-០ កាលពីយប់មិញ…។អានព័ត៌មានកីឡាថ្មីៗ
ខ្សែការពារកណ្តាល Virgil van Dijk ជាអ្នករកគ្រាប់បាល់ជ័យជម្នះនៅនាទី១១៨ ក្នុងម៉ោង បន្ថែម ១៥នាទី ២ដង តាមរយៈការបញ្ជូនបាល់ដ៏ល្អពីសំណាក់ដៃគូ Konstantinos Tsimikas ខណៈដែលក្រុម Chelsea ក៏បង្ហាញទម្រង់លេងដ៏អស្ចារ្យដែរ ដោយបើកការវាយសម្រុក និងដាក់សម្ពាធទៅលើក្រុមគូប្រជែង Liverpool តាំងពីតង់ទី១ និងទង់២ ប៉ុន្តែមិនមានសំណាងក្នុងការរកគ្រាប់បាល់ទាល់តែសោះ ក្នុងជំនួបដ៏ជក់ចិត្តខាងលើនេះ។
លទ្ធផលនេះ បានធ្វើឱ្យក្លឹបហង្សក្រហម Liverpool គ្រងតំណែងជើងឯកពានរង្វាន់លំដាប់ទីបីរបស់ប្រទេសអង់គ្លេស EFL Cup (Carabao Cup) ជាលើកទី១០ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រុម Liverpool គឺជាក្រុមទី១នៅអង់គ្លេស ដែលឈ្នះពានរង្វាន់នេះច្រើនជាងគេ ស្របពេលក្រុម Manchester City ឈ្នះ ៨ ដង, Manchester United ឈ្នះ ៦ ដង និងក្រុមរងជើងឯក Chelsea ចំនួន៥ដងដូចគ្នានឹងក្រុម Aston Villa ផងដែរ។
អ្នកចាត់ការទូទៅក្រុម Liverpool លោក Jürgen Klopp បន្ទាប់ពីលើកពានរង្វាន់នេះ លោកកំពុងសម្លឹងរកមើលការឈ្នះជើងឯកលីគកំពូលអង់គ្លេស English Premier League រដូវកាល២០២៣-២៤ ជាលើកទី២០ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប មុនពេលលោកចាកចេញពីកីទ្បដ្ឋាន Anfield នាចុងបញ្ចប់រដូវកាល ពោលគឺមានន័យថាប្រសិនបើក្លឹបរបស់លោកឈ្នះ Premier League ពិតមែននោះ នឹងតាមស្មើកំណត់ត្រារបស់ក្លឹប Manchester United ដែលឈ្នះពានលីគច្រើនជាងគេនៅអង់គ្លេសមិនខាន។
គួរបញ្ជាក់ថាបច្ចុប្បន្នក្រុម Liverpool កំពុងស្ថិតនៅលេខរៀងទី១ ក្នុងលីគ ដោយលើសក្រុម Manchester City តែ១ពិន្ទុតែប៉ុណ្ណោះសម្រាប់សប្តាហ៍ទី២៦ ស្របពេលការប្រកួតរបស់ពួកគេនៅសល់១២ប្រកួតទៀត..៕
No comments:
Post a Comment