កីឡាករប្រដាល់ លន បញ្ញា បានក្លាយជាម្ចាស់រង្វាន់រថយន្តថ្មីសន្លាងពីប៊ូសស្ត្រង បន្ទាប់ពីបានផ្តួលដៃគូ២រូបក្នុងទឹកទី២ដូចគ្នាក្នុងមួយរាត្រី នៅសង្វៀនបាយ័ន យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។អានព័ត៌មានកីឡាថ្មីៗ
នៅជុំដំបូង លន បញ្ញា ធ្វើបានយ៉ាងល្អតាមរយៈកណ្តាប់ដៃ និងរន្ទះជើងផ្តួលកីឡាករថៃ Sibsongpana Kiatwinai ឲ្យសន្លប់ក្នុងទឹកទី២។ រូបគេទទួលសារច្រើនពីអ្នកគាំទ្រឲ្យក្លាយជាកីឡាករមានប្រជាប្រិយភាពលំដាប់ទី២បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលត្រូវជួបមិត្តរួមជាតិ មឿន សុខហ៊ុច។
នៅវគ្គផ្តាច់ព្រ័ត្រ លន បញ្ញា នៅតែធ្វើបានល្អទៀតដោយបានផ្តួល មឿន សុខហ៊ុច ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២តាមរយៈការទាត់ឲ្យខូចដៃ ប៉ុន្តែនៅទឹកទី១ទទួលរងកណ្តាប់ដៃគួរឲ្យកត់សំគាល់ពី សុខហ៊ុច។ ជ័យជម្នះនេះបានផ្តល់ឲ្យកូនសិស្សរបស់លោកគ្រូ ធន់ សុភា ទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង។
បើគិតពីស្ថិតិប្រកួតគុនខ្មែរប្រមាណ៣ឆ្នាំចុងក្រោយ លន បញ្ហា មិនធ្លាប់បរាជ័យឡើយ ទោះជាប៉ះដៃគូជាមិត្តរួមជាតិ ឬបរទេសក៏ដោយ។ លើកលែងតែការប្រកួតជំនាញឃីកបុកស៊ីងដែលរូបគេធ្លាប់ចាញ់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះដូចជាការប្រកួតក្នុងកីឡាស៊ីហ្គេម និងឃីកបុកស៊ីងជើងឯកអាស៊ីជាដើម។
No comments:
Post a Comment